លោក​ យឹម​ សុខ សុភាស់ បានចុះទៅខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីពិនិត្យមើលគំរោងផ្សារភ្ជាប់កសិករក្រុមផលិតបន្លែទៅទីផ្សារ។​​ ក្នុងពេលនោះដែរ ខ្ញុំបានជួបជាមួយលោក និន ឆាយ​ ដើម្បីឆ្លុះបញ្ចាំងពីការងារដែលបានធ្វើកន្លងមក និងបានទៅមើលការអនុវត្តន៌គំនិតថ្មីរបស់កសិករនៅស្រុកកំពង់ត្របែក។​ ជាទូទៅនៅក្នុងដើមរដូវវស្សានេះ​ កសិករច្រើនផ្តោតការយកចិត្តទុកដាក់លើការដាំដុះដំណាំស្រូវ​ ជាជាងដំណាំបន្លែ។​ ដោយឡែកកសិករដែលមានដីទួល​ មិនដក់ទឹក​ គាត់នៅតែអាចបន្តដាំបន្លែបាន ប៉ុន្តែទំហំដីដាំបន្លែមានការថយចុះជាងខែមុនៗ ដោយសារតែគាត់ត្រូវទុកដីសំរាប់សាបសំណាបវិញ។​ តាមរយៈការចុះពិនិត្យមើលនៅតាមភូមិ​ ឃើញថាកសិករបានចាប់ផ្តើមសាបសំណាបសំរាប់ដាំដុះដំណាំស្រូវរដូវវស្សានេះ។​ កសិករប្រមាណ​ ៣០ ទៅ ៤០% បានសាបរួចរាល់ហើយ​​ ប៉ុន្តែគាត់បានសាបស្រូវស្រាល ដូចជា​ស្រូវ អ៊ីអ៊ែជាដើម។​ ដោយឡែកចំពោះស្រូវពូជប្រពៃណី កសិករនៅមិន​ទាន់បានសាបនៅឡើយទេ។​ កសិករមួយចំនួនបូមទឹកអណ្តូង ដោយរួមផ្សំជាមួយទឹកភ្លៀងដើមឆ្នាំដើម្បីសាប។​ ទន្ទឹមនឹងនេះ យើងសង្កេតឃើញថាកសិករនៅខេត្តស្វាយរៀងមិនទាន់បានសាបទេ ដោយសារខ្វះខាតទឹក។

បន្ថែមពីនេះ លោក​ វ៉ាង​ សៀន និងអ្នកស្រី លុយ​ ធារី​ បានចូលរួមទៅទស្សនកិច្ចនៅភូមិ កណ្តាល ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង និងនៅភូមិថ្មី ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង​ ដើម្បីសួរនាំពីភាពរីកចំរើនរបស់សមាគមកសិករ និងក្រុមសនំ្សប្រាក់នៅតាមភូមិ។​​ តាមរយៈការសម្ភាសន៌ជាមួយកសិករ​ដែលជាគណកម្មាការសមាគម យើងឃើញថាសមាគម និងក្រុមសន្សំទាំងនោះនៅតែបន្ត​សកម្មភាពរបស់ខ្លួនទោះបីអតីតគំរោង កែលម្អកម្រិតជីវភាពគ្រួសារកសិករក្រីក្រនៅខេត្តព្រៃវែង​ ដែលអនុវត្តដោយអង្គការ សេដាក បានបញ្ចប់នៅឆ្នាំ ២០០៨​ មកម្លេះ។​ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសន្សំប្រាក់​ និងសមាគមកសិករ​មានការកែប្រែរចនាសម្ព័ន្ធគ្រប់​គ្រងមួយចំនួន ដូចជា​ការជ្រើសរើសសមាជិកគណកម្មាការថ្មីជាដើម។

នៅថ្ងៃទី​ ២៦ ខែឩសភា ២០១០ លោក យឹម​ សុខសុភាស់បានរៀបចំការប្រជុំឆ្លុះបញ្ចាំងពីសកម្មភាពនិងលទ្ធផលការងាររបស់គំរោង​ បង្កើនផលិតកម្មស្បៀងនិងប្រាក់ចំណូលរបស់គ្រួសារកសិករក្រីក្រនៅខេត្តស្វាយរៀង​។​ បុគ្គលិកនៃគំរោងនេះបានធ្វើការបូកសរុបពីសកម្មភាពនិងលទ្ធផលដែលសំរេចបានដោយការអនុវត្តន៌គំរោងនេះ។​​ ជារួមគឺគំរោងមានដំណើរការល្អ ប៉ុន្តែមានដំណើរការយឺតយ៉ាវបន្តិចនៅខាងខេត្តព្រៃវែង​។​​ បន្ទាប់ពីបានធ្វើការប្រជុំជាមួយបុគ្គលិកគំរោង យើងបានចុះធ្វើទស្សនកិច្ចនៅភូមិគោលដៅរបស់គំរោងនៅស្រុកចន្ទ្រា និងស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។​ ជារួម​ យើងសង្កេតឃើញថាកសិករដែលសមាជិកគណកម្មាការសមាគមកសិករនៅតែបន្តការអនុវត្តន៌បច្ចេកទេសកសិកម្មបានល្អប្រសើរទោះបីជាគំរោងបានបញ្ចាប់ក្តី។

ជាទូទៅភូមិគោលដៅនៅខេត្តស្វាយរៀង​សុទ្ធតែមានក្រុមស្ត្រី និងក្រុមក្រីក្រ ហើយមានប្រមាណ ៣០ ទៅ ៤០% នៃចំនួនសមាជិកទាំងអស់អនុវត្តនូវគំនិតថ្មីដែលផ្សព្វផ្សាយពីគណកម្មាការ។ គំរោងនឹងធ្វើយ៉ាងណាជួយពង្រឹងសមាគមកសិករដែល​មានស្រាប់អោយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគាំទ្របន្តដល់កសិករដែលងាយរងគ្រោះ ដូចជា​ក្រុមស្ត្រី និងក្រុមក្រីក្រជាដើម។

Advertisements